ពិធីរត់ប្រណាំងសប្បុរសធម៌ចម្ងាយ ៦គីឡូម៉ែត្រ ក្រោមប្រធានបទ"រត់ជាមួយ BMG ដើម្បីកុមារម្លប់តាប៉ាង"
ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ ចម្ងាយ ៦គីឡូម៉ែត្រ ក្រោមប្រធានបទ(រត់ជាមួយ BMG ដើម្បីកុមារម្លប់តាប៉ាង)ដោយក្នុងគោលបំណងដើម្បីយកថវិការបស់សប្បុរសធម៌ជូនទៅដល់អង្គការម្លប់តាប៉ាង ខេត្តព្រះសីហនុ ហើយក៏ជាការបង្កើតនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានចូលរួមចំណែកក្នុងមនុស្សធម៌ដល់សង្គមផងដែរ ដោយពិធីនេះក្រោមការអញ្ជើញជាគណៈធិបតីពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងនោះក៏មានការចូលរួមពីលោក/លោកស្រី សប្បុរសធម៌យ៉ាងច្រើនកុះករ ហើយព្រឹត្តិការណ៍នេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនោះលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងសប្បុរសធម៌ ចម្ងាយ ៦គីឡូម៉ែត្រ ក្រោមប្រធានបទ(រត់ជាមួយ BMG ដើម្បីកុមារម្លប់តាប៉ាង)នាពេលនេះនៅលើទឹកដី នៃតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង ក្នុងខេត្តព្រះសីហនុ ដោយទាំងអស់នេះហើយគឺបានចេញពីកត្តាសន្តិភាព ទើបយើងអាចរៀបចំពិធីក្នុងការប្រកួតកីឡានាពេលនេះបាន ហើយក្នុងន័យនេះព្រឹត្តិការណ៍កីឡារត់ប្រណាំងសប្បុរសធម៌ មិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះខេត្តរបស់យើង ប្រទេសជាតិ ក៏ដូចជាចូលរួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព រវាងកីឡាករ កីឡាការិនី ដែលជាបេក្ខជនទាំងអស់បានដាក់ពាក្យចូលរួមប្រកួតក្នុងថ្ងៃនេះ ហើយដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការពង្រឹងគុណភាពវិស័យអប់រំ និងកីឡា វិទ្យាសាស្ត្រ រួមទាំងបច្ចេកវិទ្យា ដូចនេះហើយរដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមនឹងជឿជាក់ថារាល់វិស័យឯកជនទាំងអស់ និងបង្កើតព្រឹត្តិការណ៍កីឡាផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនី នៅក្នុងខេត្តរបស់យើង ឱ្យកាន់តែខ្លាំងពូកែ មានថាមពលសម្រាប់ក្នុងការចូលរួមប្រកួតដណ្តើមយកជ័យជម្នះក្នុងការប្រកួតនានា ដោយក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា លេងកីឡា និងធ្វើការហាត់ប្រាណ ដើម្បីពង្រឹងកាយសម្បទា និងទប់ស្កាត់នូវការឈឺថ្កាត់ ជាពិសេសជំងឺទាក់ទងទៅនឹងបេះដូង និងការដាច់សរសៃឈាមខួរក្បាល ឬក៏ប្រភេទជំងឺផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះផងដែរលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានបន្តទៀតថា វិស័យកីឡាជាតិនាពេលបច្ចុប្បន្ននេះមានការវិវត្តន៍រីកចម្រើនពរជាទីមោទក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាពិសេសយុវជន ដូចនេះហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងពិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និងវិធានការគន្លឹះក្នុងការកែទម្រង់ជាក់ស្ដែងនានា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់សម្រេចបានលទ្ធផលផ្លែផ្កាជាអតិបរមា ជាពិសេសរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡាផ្សារភ្ជាប់ និងការអប់រំ ព្រមទាំងបានបន្តការជំរុញចលនា(យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត)៕

Post a Comment