តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង ក្នុងឃុំធម្មតាអរ ស្រុកសំរោងទងបានរលូន
ខេត្តកំពង់ស្ពឺ៖ ផ្ទះមួយខ្នងដែលធ្វើអំពីឈើលើថ្មក្រោម និងឃ្លាំងមួយកន្លែងដែលគេស្គាល់ថាជារបស់លោក ខូវ ឡាយតិច កំពុងតែធ្វើការសាងសង់ជារៀងរាល់ថ្ងៃនៅជាប់ជើងភ្នំ(ក្រឡាបឹង) ស្ថិតនៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយ៉ាងរលូន អាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់បីដូចមិនអើពើសោះ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទងបានបង្ហើបឱ្យដឹងថា ការសាងសង់ផ្ទះ និង សាងសង់ឃ្លាំងនេះមានសកម្មភាពជាង០២ខែកន្លងទៅហើយ ដែលម្ចាស់ទីតាំងខាងលើបានធ្វើការសាងសង់ផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មខាងក្រោម និងមានការជីកកាយជើងភ្នំធ្វើជាផ្លូវចាក់ថ្មមិច និងមានដាក់កញ្ចុះនៅលើដីនោះថែមទៀតផង។ ប្រជាពលរដ្ឋបានបន្តថាផ្ទះនិងឃ្លាំងដែលធ្វើការសាងសង់នោះជិតរួចរាល់មួយរយភាគរយហើយ១០០%ហើយត្រឹមតែរយះពេលជាង០១ខែសោះ គេមិនដែលឃើញអាជ្ញាធរនិងជំនាញចុះមកពិនិត្យនិងធ្វើការហាមឃាត់ក្រុមជាងៗដែលធ្វើការសាងសង់នោះឡើយ ខណៈដែលផ្ទះនិងឃ្លាំងខាងលើនេះសង់ជិតជើងភ្នំ ដែលជាសម្បត្តិរបស់រដ្ឋនោះ។ 
មជ្ឈដ្ឋានមហាជនលើកឡើងថា តើអ្នកដែលហ៊ានធ្វើការសាងសង់ផ្ទះនិងសាងសង់ឃ្លាំងនៅជាប់ជើងភ្នំនេះជានរណា? ប្រហែលជាមានលុយនិងមានអំណាចហើយទើបអាចធ្វើការសាងសង់លំនៅដ្ឋាន និងសាងសង់ឃ្លាំងជាប់ជើងភ្នំដែលជាសម្បត្តិធនធានធម្មជាតិដ៏កម្របែបនេះបាននោះ!។ប្រជាពលរដ្ឋដាក់ការសង្ស័យថា សង្ស័យមានការឃុបឃិតនិងត្រូវរ៉ូវជាមួយអាជ្ញាធរ និងជំនាញពាក់ព័ន្ធហើយទើបម្ចាស់ទីតាំងហ៊ានធ្វើការសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំធ្វើជាសម្បត្តិផ្ទាល់ខ្លួនបានបែបនេះ។
ពាក់ព័ន្ធនិងរឿងសាងសង់ផ្ទះនិងសាងសង់ឃ្លាំងនៅក្បែរជើងភ្នំក្រឡាបឹងនេះដែរ លោក អែម ធន មេឃុំធម្មតាអរ នៃស្រុកសំរោងទងបានឱ្យដឹងតាមទូរស័ព្ទថា គេរត់ច្បាប់របស់គេហើយ តែមិនទាន់ឃើញច្បាប់មកដល់គេធ្វើឃ្លាំងមិនដឹងថាឃ្លាំងដាក់អីឱ្យប្រាកដនោះទេ។ ហើយដីនេះលោក ខូវ ឡាយតិច បានទិញពីប្រជាពលរដ្ឋនៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ទំហំជាង០១ហិកតា ការសាងសង់ប្រហែលជាមួយខែ ពីរខែមកហើយ លោក ខូវ ឡាយតិច រស់នៅម្តុំផ្សារកំពង់ស្ពឺទេប៉ុន្តែគាត់មកទិញដីនៅកន្លែងនឹង។
ដោយឡែកលោក សូ សុភិន ប្រធានការិយាល័យសុរិយោដីស្រុកសំរោងទង អ្នកយកព័ត៌មានយើងបានខលទូរស័ព្ទដើម្បីសួរនាំពីការសាងសង់ផ្ទះ និងឃ្លាំងពីសំណាក់ លោក ខូវ ឡាយតិច ខលចូលចំនួន០២ដង មិនមានអ្នកលើក។
ចំណែកលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងបានខលទូរស័ព្ទដើម្បីសួរព័ត៌មានពីការជីកកាយជើងភ្នំក្រឡាបឹង ធ្វើការសាងសង់ឃ្លាំងពីសំណាក់លោក ខូវ ឡាយតិច ប៉ុន្តែខលចូលចំនួន០២ដង មិនមានអ្នកទទួល។
ជុំវិញបញ្ហាខាងលើនេះយើងសង្ឃឹមថាលោកអភិបាលខេត្តនិងមានវិធានការទៅលើបុគ្គលដែលបានសាងសង់លំនៅឋាននេះជាក់ជាពុំខាន សូមបញ្ជាក់ផងដែរថាអ្នកសារព័ត៌មាននិងរងចាំការបកស្រាយពីម្ចាស់សំណង់និងអាជ្ញាធរពាក់ព័ន្ធខាងលើរាល់ម៉ោងធ្វើការ។ ដោយ ៖ ចិត្រា្ត
Post a Comment