ប្រាសាទព្រៃដើមស្រុកគឺជាប្រាសាទបុរាណមួយដែលមានវ័យចំណាស់ ហើយក៏មិនងាយមានអ្នកស្គាល់
ខេត្តព្រៃវែង:បើយើងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅប្រាសាទព្រៃដើមស្រុកគឺមានចំងាយ៧០គីឡូម៉ែត្រ ដោយធ្វើដំណើរកាត់តាមផ្លូវជាតិលេខ8A មកដល់ឃុំព្រៃព្នៅ ស្រុកពារាំង បន្ទាប់មកបត់ឆ្វេងចំងាយ១៥គីឡូម៉ែត្រ និងទៅដល់ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទីនោះហើយគឺជាទីតាំងប្រាសាទព្រៃដើមស្រុក តែបើយើងធ្វើដំណើរពីក្រុងព្រៃវែង គឺមានចំងាយតែ៣៨គីឡូម៉ែត្រតែប៉ុណ្ណោះនិងដល់ទីតាំងប្រាសាទព្រៃដើមស្រុកតែម្តង។
ប្រាសាទព្រៃដើមស្រុក មានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល មានចំងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទបុរាណមួយនេះ កសាងឡើងអំពីឥដ្ឋបួនជ្រុងកម្ពស់ ៧ម៉ែត្រ មានសណ្ឋានជាស្តូប ទំហំ៥ម៉ែត្រ កសាងឡើងប្រហែល ក្នុងសតវត្សទី១៧ ក្នុងរជ្ជកាល ព្រះបាទជ័យជេដ្ឋាទី៤ តែមិនសូវមានអ្នកស្គាល់ទេ ព្រោះប្រាសាទមួយនេះហាក់លាក់ខ្លួនក្នុងព្រៃអញ្ចឹង។
បើយោងតាមការលើកឡើងរបស់ អ៊ុំ ស្រីម្នាក់ឈ្មោះ ស៊ីថា មានអាយុ៦៣ឆ្នាំ បានអោយដឹងថាគាត់មករស់នៅទីនេះតាំងពីឆ្នាំ១៩៨២មកម្ល៉េះហើយគាត់តែងតែដំណាក់ធម៌នៅទីនេះព្រោះមានសភាពស្ងប់ស្ងាត់ល្អ ពោពេញទៅដោយធម្មជាតិ មានខ្យល់បរិសុទ្ធល្អ បើចំពោះអ្នកចង់ប្រត្តិបត្តិធម៌ឬចង់មកស្រូបយកខ្យល់បរិសុទ្ធបែបធម្មជាតិនោះគឺកាន់តែប្រសើរ។
អ៊ុំស្រី ស៊ីថា បានបន្តទៀតថាកាលពីមុនមកជុំវិញប្រាសាទនេះគឺពោពេញទៅដោយព្រៃស្តុក និងមានស្រះទឹកចំនួនប្រាំនៅជុំវិញបរិវេណប្រាសាទនេះ ដែលជាហេតុបង្ករលក្ខណ:អោយទីតាំងប្រាសាទនេះមានភាពស្រស់បំព្រង ពោពេញទៅធម្មជាតិ លុះមកដល់បច្ចុប្បន្ននេះ ដោយសារតែមានការថែទាំពីណាក់អាជ្ញាធរខេត្តផង និងពួកគាត់ដែលមកដំណាក់ធម៌នៅទីនេះផង ទើបធ្វើអោយបរិវេណប្រាសាទមួយនេះកាន់តែមានភាពស្រស់ស្អាតជាងមុនទៅទៀត តែបើនិយាយពីតួរប្រាសាទវិញគឺមានសភាពពុកផុយខ្លះៗហើយព្រោះប្រាសាទនេះមានអាយុកាលរាប់រយឆ្នាំមកហើយ។ 
អ៊ុំស្រី ស៊ីថា បានបន្ថែមទៀតថា ប្រាសាទព្រៃដើមស្រុកឥឡូវនេះមិនស្ងាត់ដូចកាលពីមុនពេកទេ ព្រោះរាល់ពេលមានកម្មវិធីបុណ្យទានដូចជា ចូលឆ្នាំ ភ្ជុំ ថ្ងៃសិល ឬថ្ងៃសៅរ៍ អាទិត្យ ដែលជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋឈប់សម្រាកគឺតែងតែមានពួកគាត់មកអង្គុយលេងលំហែរជុំវិញបរិវេណប្រាសាទ ក៏ដូចជាតាមមាត់ស្រះទឹកនៅជុំវិញប្រាសាទនេះផងដែរ(ពោល គឺមិនស្ងាត់ដូចមុនពេកទេ) ព្រោះបច្ចុប្បន្ននេះមានប្រព័ន្ធផ្សព្វផ្សាយច្រើននិងមានការអភិរក្សពីអាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរខេត្តព្រៃវែង។
ជាចុងក្រោយក៏សូមអោយបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក សូមមកទស្សនាកម្សាន្តនិងមកស្រូបយកខ្យល់បរិសុទ្ធនៅប្រាសាទព្រៃដើមស្រុក និងជាពិសេសសូមជួយផ្សព្វផ្សាយបន្តអោយបានច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត ជាពិសេសដើម្បីស្វែងយល់អំពីស្នាដៃដូនតាខ្មែររបស់យើងទាំងអស់គ្នា៕





Post a Comment