ពិធីដង្ហែយាងព្រះបរមអដ្ឋិធាតុព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ”តម្កល់គោរពបូជាក្នុងទី ព្រះបរមចេតិយ វត្តព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួម ពិធីដង្ហែយាងព្រះបរមអដ្ឋិធាតុព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ” ស្ថិតក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
តម្កល់គោរពបូជាក្នុងទី ព្រះបរមចេតិយ វត្តព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ 
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទួលថា ៖ ខេត្តព្រៃវែង ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានតម្កល់នៅព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ដែលនេះបង្ហាញអោយឃើញថា ខេត្តព្រៃវែង ជាខេត្តមួយដែលព្រះមហាក្សត្រ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សពព្រះហឬទ័យក្នុងការតម្កល់ព្រះបរមអដ្ឋិធាតុ ព្រះបរមរតកោដិ នៅលើទឹកដីខេត្តព្រៃវែង សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គ គោរពបូជាបាន គ្រប់ពេលវេលា។ 
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរា មានព្រះរាជបន្ទូលបន្ថែមថា៖ ស្នាមព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះ បរមរតនកោដ្ឋ» គឺជាឥស្សរជន លេចធ្លោ បំផុតលើឆាកជាតិ និងអន្តរជាតិ ក្នុងការទាមទារឯករាជ្យជាតិ និងមានស្នាមព្រះហស្ថរាប់មិនអស់សម្រាប់ជាតិ ដូច្នេះប្រជានុរាស្ត្រគ្រប់រូប តែងតែចងចាំមិនអាចភ្លេចនូវគុណនូបការៈដ៏ជ្រាលជ្រៅ វិសេសថ្លៃថ្លា នៃស្នាព្រះហស្ថរបស់ព្រះអង្គដោយការគោរព និងក្តីអាលោះអាល័យជានិច្ចផងដែរ។ 
សម្ដេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលបន្ថែមថា៖ ខេត្តព្រៃវែងជាខេត្តទី៨ ហើយដែលត្រូវ បានដង្ហែព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) តម្កល់គោរពបូជាក្នុងទី ព្រះបរមចេតិយ វត្តព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនេះ ហើយបុណ្យនេះកើតឡើងដោយសទ្ធាជ្រះថ្លាពីញាតិញោមពុទ្ធបរិស័ទ្ធ ជិតឆ្ងាយគ្រប់ៗគ្នាទាំងអស់ ដោយការគោរពស្រឡាញ់ចំពោះ ព្រះបរមរតនកោដ្ឋ ដែលជាមហាវីរក្សត្រ ដែលមានស្នាព្រះហស្ថ ជាច្រើនសម្រាប់ជាតិ មាតុភូមិ ៕








Post a Comment