លោក សាមុត សុធារិទ្ធ៖ សណ្ឋាគារត្រាយម៉ូលា បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ កាន់តែរីកចម្រើនទៅមុខជាលំដាប់
(ខេត្តព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានលើកឡើងថា សណ្ឋាគារត្រាយម៉ូលា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់។

នាឱកាសលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងសណ្ឋាគារ ត្រាយម៉ូលា របស់ក្រុមហ៊ុន ហ្គោលដេន អូអេស៊ីស អេនធើធេនម៉ិន (GOLDEN OASIS ENTERTAINMENT) ដោយមានការអញ្ជើញចូលរូមពីលោកឧត្តមសេនីយ៍ លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព និងលោក ឈួង វ័ងវ៉ (CHHONG HWANG WEI)នាយកប្រតិបត្តិ នៃក្រុមហ៊ុន ត្រាយម៉ូលា គ្រុប (TRIMULIA GROUP)។
ឆ្លៀតក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅនិងចូលរួមអបអរសាទរចំពោះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវសណ្ឋាគារ ត្រាយម៉ូលា នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី និងកំពុងបំពេញតួនាទីជាប៉ូលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និងជាខេត្តស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ។ 
លោកអភិបាលរងខេត្ត បានបន្ថែមថា សណ្ឋាគារត្រាយម៉ូលា នេះបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងមកពីបណ្តាខេត្តផ្សេងៗ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១។
សូមជម្រាបដែរថា ការបើកសម្ពោធសណ្ឋាគារនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ កាន់តែមានសក្តានុពល ទាក់ទាញវិនិយោគិននិងទេសចរណ៍ ប្រែក្លាយខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕



Post a Comment