ផ្ទះ ចំនួន ២ខ្នង និងបង្គន់អនាម័យ ចំនួន ២ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅឃុំស៊ាងឃ្វាង និងឃុំត្របែក ស្រុកកំចាយមារ
ព្រៃវែង៖ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅឃុំស៊ាងឃ្វាង និងឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។ 
នាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនៅប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។ 
បន្ថែមពីនេះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាខេត្ត មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ 
ចំពោះសម្ភារៈគ្រឿងផ្ទះចំនួន ២ខ្នង ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ 
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក កន្ទេល ១ ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយទឹក ១ ច្រាស់ដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។ សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាដល់លោកតា លោកយាយ ចូលរួមក្នុងកម្មវិធីផងដែរ។ 
ក្នុងនោះអនុសាខាស្រុកកំចាយមារ បានឧបត្ថម្ភបន្ថែមក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២០គ.ក ទឹកផ្លែឈើ ១កេស ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១ យួរ, និងថវិកាចំនួន ២០០,០០០រៀល។ 
បញ្ជាក់៖ គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៥៩ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២១៩បង្គន់៕












Post a Comment