ឯកឧត្ដម សាយ សំអាល់ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ខេត្តព្រះសីហនុ
រដ្ឋបាលខេត្តបានរៀបចំ កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិត សមាជិកព្រឹទ្ធសភា ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រទី៨ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងផ្សព្វ ផ្សាយគោលនយោបាយនេះ តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ផ្សព្វផ្សាយខ្លឹមសារនៃលក្ខណៈសម្បត្តិ ៧ចំណុច របស់គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដល់មន្រ្តីរាជការ បុគ្គលិក កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទូទាំងខេត្ត។
រៀបចំវេទិកាសាធារណៈ ដើម្បីទទួលយកសំណើ សំណូមពរ និងដោះស្រាយបញ្ហាប្រឈម កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានកសាងចលនាប្រជាការពារនៅតាមឃុំ-សង្កាត់ ។
ក្នុងឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធនានារបស់ក្រសួងមហាផ្ទៃដោយមានការ សម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ និងបទល្មើសឆបោកតាមអនឡាញចំនួន ១៥ទីតាំង រកឃើញជនបរទេសចំនួន ៤៤៧នាក់ មាន ៤សញ្ជាតិ បានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តនីតិវិធីបណ្ដេញចេញ។
ហើយទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥
១.ចូលរួមគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្ត ការច្រកចេញចូលតែមួយ...។ល។
២.ជំរុញវិស័យទេសចរណ៍តាមរយៈការផ្សព្វផ្សាយ និងភាពទាក់ទាញ ការរៀបចំសេវាកម្ម និងបដិសណ្ឋារកិច្ចល្អការជំរុញ ការផលិតផលិតផលទេសចរណ៍ថ្មីៗបន្ថែម ដើម្បីភាពទាក់ទាញ។
៣.ជំរុញការរៀបចំបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងក្រុង ស្រុក ទីប្រជុំជន ដងផ្លូវ ឆ្នេរសមុទ្រ។
៤.ចុះត្រួតពិនិត្យជាប្រចាំនៅតាមបណ្តាឆ្នេរ និងប្រភពបំពុលតាមលំនៅឋានអាជីវកម្មលើបញ្ហាការបង្ហូរទឹកស្អុយ។
៥.បន្តដោះស្រាយទំនាស់ដីធ្លី សំណង់មិនរៀបរយ និងជំរុញការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
៦. ជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខុដុមរមនីយកម្ម។
៧.ជំរុញការអនុវត្តក្របខណ្ឌ គោលនយោបាយអាទិភាពរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នូវការចុះ បញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាសាធារណៈ ការរៀបចំទីក្រុងសម្រាប់ការសម្រាកលំហែកម្សាន្ដ ព្រមទាំងការថែរក្សាការពារ និងអភិរក្សតំបន់ឆ្នេរ។
៨.ជំរុញការទាក់ទាញការវិនិយោគតាមរយៈការកសាងជំនឿទុកចិត្តជនបរទេសដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥, ការរៀបចំកំណត់របៀងសេដ្ឋកិច្ច និងផែនការប្រើប្រាស់ដីស្របតាមសក្តានុពល, និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស “ប្រែក្លាយពីកម្លាំងទៅប្រើជំនាញនិងបញ្ញា”។
៩. ជំរុញការរៀបចំវេទិកាសាធារណៈ និងចុះឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
១០.ពង្រីកការដាំដុះបន្លែ និងការចិញ្ចឹមសត្វតាមគ្រួសារទៅបណ្តាឃុំ សង្កាត់ ដោយផ្តល់ក្រុមមន្ត្រីបច្ចេកទេសចុះអនុវត្តផ្ទាល់ និងផ្តល់សម្ភារមួយចំនួនជូនកសិករ។

បន្ទាប់ពីបានលើកឡើង និងសំណូមពររបស់រដ្ឋបាល ក្រុង ស្រុក និងក្រុមការងារចុះជួយក្រុង ស្រុករួមមក ឯកឧត្ដម សាយ សំអាល់ បានធ្វើការបូកសរុប និងវាយតម្លៃចំពោះលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដោយអនុវត្តយុទ្ធសាស្ត្របញ្ជកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលក្រុមការងារចុះមូលដ្ឋានបានសហការជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានបំពេញការងារទទួលបានលទ្ធផលល្អ ឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន យើងត្រូវមានការឯកភាព ភាពម្ចាស់ការកាន់តែរឹងមាំ ព្រមទាំងបានកោតសរសើរចលនាប្រជាពលរដ្ឋខេត្តព្រះសីហនុ បានចូលរួមឧបត្ថម្ភគាំទ្រដល់សមភូមិមុខជាមួយរាជរដ្ឋាភិបាលជួយសម្រាលទុករបស់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខប្រចាំខេត្តព្រះវិហា និងខេត្តឧត្តរមានជ័យ។
ទន្ទឹមនោះឯកឧត្តម សាយ សំអាល់ ក៏បានអគុណមន្ទីរកសិកម្មបានរៀបចំសហគមន៍ដាំបន្លែ ផ្ទះសំណាញ់ក្នុងការដាំដុះបន្លែ សង្ឃឹមថា យើងនឹងពង្រីកផ្ទះសំណាញ់សម្រាប់បណ្តាឃុំ សង្កាត់ ក្នុងការដាំដុះបន្លែបានកាន់តែច្រើនជួយកាត់ បន្ថយការនាំចូលបន្លែ ផ្លែឈើពីប្រទេចជិតខាង ៕








Post a Comment