រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនជនភៀសសឹកចំនួន២,០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ‎

ខេត្តកំពង់ស្ពឺះនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង លោកជំទាវ បានដឹកនាំប្រតិភូអមដំណើរ ចុះសួរសុខទុក្ខ និងនាំយកអំណោយមហាគ្រួសារកំពង់ស្ពី ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកឯសរុបចំនួន ២,០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងទឹកដីខេត្តឧត្តរមានជ័យ  និងខេត្តបន្ទាយមានជ័យ ។

‎ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងមុតមាំពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ឧបគ្គនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ និងសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារដោយយើងមិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។

‎ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្ថែមថា ទោះបីជាបងប្អូនកំពុងជួបការលំបាកដោយសារភៀសខ្លួនពីសង្គ្រាម ឬជម្លោះក៏ដោយ សូមបងប្អូនរក្សានូវក្តីសង្ឃឹម និងសាមគ្គីភាពគ្នា។ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងនៅក្បែរបងប្អូនជានិច្ច ដើម្បីផ្តល់ការគាំពារទាំងផ្នែកស្បៀងអាហារ សុខភាព និងសុវត្ថិភាព រហូតដល់ស្ថានភាពមានភាពល្អប្រសើរឡើងវិញ។

‎ក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវ និងបានជម្រាបជូនបងប្អូនថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺរបស់យើងកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យឧស្សាហកម្ម ដែលក្នុងនោះមានរោងចក្រ សហគ្រាសជាច្រើនកំពុងដំណើរការ និងត្រូវការកម្លាំងពលកម្មបន្ថែម។អាស្រ័យហេតុនេះ ចំពោះបងប្អូនដែលមានកាយសម្បទាមាំមួន ហើយមិនទាន់មានការងារធ្វើពិតប្រាកដ បងប្អូនអាចទៅស្វែងរកការងារធ្វើនៅតាមបណ្តារោងចក្រក្នុងខេត្តកំពង់ស្ពឺបាន ដែលបច្ចុប្បន្នយើងនៅខ្វះខាតកម្មករ កម្មការិនី រហូតដល់រាប់ម៉ឺននាក់បន្ថែមទៀត។

ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើក្នុងស្រុក គឺជាជម្រើសដ៏ល្អប្រសើរ ដែលផ្តល់នូវចំណូលស្ថិរភាព មានច្បាប់ការពារត្រឹមត្រូវ និងនៅជិតក្រុមគ្រួសារ ជៀសជាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ ឯកឧត្តមក៏បានចាត់ឱ្យក្រុមការងារត្រៀមសម្របសម្រួល និងផ្តល់ព័ត៌មានលម្អិតអំពីឱកាសការងារទាំងនោះ ដល់បងប្អូនណាដែលមានបំណងចង់ទៅបម្រើការងារនៅក្នុងខេត្តកំពង់ស្ពឺផងដែរ។ដោយ៖ចិត្ត្រា








 

Powered by Blogger.