ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសរបស់នាវា DIAMOND PRINCESS

 ខេត្តព្រះសីហនុ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសរបស់នាវា DIAMOND PRINCESS ដែលបានចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចូលតាមច្រកកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ ដោយនាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជិត ៣,០០០នាក់ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥។

តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ BERMUDA បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ចំនួន ២,៨៥០នាក់ ស្រី ១,៥៦៦នាក់ ស្មើនឹង ៥២សញ្ជាតិ និងមាននាវឹកសរុបចំនួន ១,០៥៩នាក់ ស្រី ២៤៥នាក់ ស្មើនឹង ៥៩សញ្ជាតិ ហើយនាវាទេសចរណ៍មួយគ្រឿងនេះដែលមានឈ្មោះ DIAMOND PRINCESS និងមានបណ្តោយ ២៨៨.៣៣ម៉ែត្រ ទទឹង ៣៧.៥០ម៉ែត្រ ជំរៅទឹក ៨.៥ម៉ែត្រ បាននាំភ្ញៀវទេសចរណ៍មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាសពីវេលាម៉ោង៧ព្រឹក ដោយនាវានេះមានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១៦រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឆ្ពោះទៅកាន់ប្រទេសថៃ ដោយភ្ញៀវទេសចរណ៍ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អូស្ត្រាលី ៨២៤នាក់ សហរដ្ឋអាមេរិកចំនួន ៧៩៧នាក់ ក្រៅពីនោះមានសញ្ជាតិផ្សេងៗទៀត ក្នុងនោះភ្ញៀវមកពីខេត្តសៀមរាប ចេញតាមនាវាមានចំនួន ៤នាក់  ស្រី២នាក់ ស្មើ២សញ្ជាតិ។ 

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការចូលចតរបស់នាវា DIAMOND PRINCESS ស្របពេលដែលប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកំពុងរៀបចំប្រារព្ធទិវាសន្តិភាព ដែលជាខួបលើកទី ២៧ឆ្នាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅកាលពី ២៨ឆ្នាំមុន សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយប្រតិបត្តិករ ទាំងអស់ដែលបានដឹកនាំដោយសម្តេចតេជោ រួមគ្នាអនុវត្តគោលនយោបាយទទួលបានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញផ្ទៃប្រទេស យើងមានឱកាសអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងរយពេលពីរឆ្នាំមកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តវេនបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងមានការអភិវឌ្ឍប្រទេសជាតិ ដោយបានរីកចម្រើនលើគ្រប់វិស័យ ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ហើយការចូលចតរបស់នាវា DIAMOND PRINCESS ថ្ងៃនេះមិនមែនជារឿងចៃដននោះទេ គឺជាដំណើរមួយបង្ហាញសារ និងរូបភាពបង្ហាញឱ្យពិភពលោកឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ  និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រោមព្រះបូជនីយកិច្ចរបស់ព្រះមហាក្សត្រខ្មែរ ធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់ឱកាស ផ្តល់សុវត្ថិភាពដល់អ្នកវិនិយោគិនក្នុងស្រុក និងវិនិយោគបរទេសបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយជាមួយគ្នានោះផងដែរឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា តាមរយការចូលចតនាវា DIAMOND PRINCESS នាពេលនេះ ដែលមានភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជាង ៥០សញ្ជាតិ មានភ្ញៀវជិត ៣.០០០នាក់ សរបញ្ចាក់អត់ឃើញថា ប្រទេសកម្ពុជា មានសន្តិភាព និងស្ថេរភាពនយោបាយ ជាពិសេសសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ ក៏ដូចសក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា ធ្វើឱ្យភ្ញៀវទេសចរបរទេសមកកាន់កម្ពុជា ជួយដល់សេដ្ឋកិច្ចប្រទេសជាតិ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ និងសេដ្ឋកិច្ចគ្រួសារ ព្រោះនេះជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនសម្រាប់កម្ពុជា។

ជាមួយគ្នានោះផងដែរឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងផងដែរថា ការចូលចតរបស់នាវា DIAMOND PRINCESS នៅលើទឹកដីខេត្តតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃព្រះរាជាណាចក្រកម្ពុជា ហើយខេត្តព្រះសីហនុ ក៏ជាខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ មិនត្រឹមតែវិស័យទេសចរណ៍តែមួយមុខប៉ុណ្ណោះទេ ខេត្តព្រះសីហនុ ជាខេត្តឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍  និងការដឹកជញ្ជូន ជាពិសេសកំពង់ផែស្វយ័តទឹកជ្រៅក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍកំពង់ផែទឹកជ្រៅជា ៣តំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ឱ្យមានជំរៅទឹករហូតដល់ ១៧.៥០ម៉ែត្រ អាចឱ្យនាវាដែលចរាចរណ៍នៅលើពិភពលោកចូលចតនៅទីនេះបាន បើនិយាយជារួមខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយការមកដល់របស់ភ្ញៀវទេសចរណ៍ថ្ងៃនេះ បញ្ជាក់ឱ្យឃើញថា ខេត្តព្រះសីហនុ ក៏ដូចព្រះរាជាណាចក្រកម្ពុជា គឺមានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕






















 

Powered by Blogger.