ផ្លូវបេតុងមួយខ្សែ ដែលកំពុងត្រូវទឹកជន់លិច នៅឃុំព្រែកចាម កំពុងទាក់ទាញប្រជាពលរដ្ឋទៅលេងកម្សាន្តរាប់រយនាក់
ព្រៃវែង : ផ្លូវបេតុងមួយខ្សែប្រវែងជិត 2 គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ 11 ចាក់ទៅដល់ភូមិព្រែកចាម ក្នុងឃុំបន្លិចប្រាសាទរុកពាមរក៍ កំពុងត្រូវទឹកជន់លិចស្ទើរទាំងស្រុងហើយ ប៉ុន្តែវាបែរជាទាក់ទាញប្រជាពលរដ្ឋឲ្យទៅលេងកម្សាន្តសប្បាយរាប់រយនាក់ទៅវិញ។
អាជ្ញាធរឃុំបន្លិចប្រាសាទ បានឱ្យដឹងថា ផ្លូវបេតុងនេះ ទើបតែត្រូវទឹកជំនន់ជន់លិច ក្នុងរយៈពេលពីរបីថ្ងៃនេះទេ ប៉ុន្តែស្ថានភាពទឹកដែលលិចនៅលើខ្នងផ្លូវត្រឹមកំភួនជើងនេះ បែរជាទាក់ទាញមនុស្ស ម្នារាប់រយនាក់ ឲ្យមកលេងកំសាន្តយ៉ាងសប្បាយរីករាយទៅវិញ ដោយអ្នកខ្លះនាំគ្នាមកស្ទូចត្រីលេង អ្នកខ្លះមកហែលទឹក និងខ្លះទៀតមកជាលក្ខណៈគ្រួសារ ជួបជុំគ្នាហូបចុកផឹកស៊ីជាមួយនឹងចំណីអាហារ ដែលមានលក់ត្រៀបត្រានៅតាមបណ្តោយផ្លូវនេះ។

ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ដើម្បីការពារផ្លូវបេតុងនេះកុំឱ្យបាក់ស្រុត ឬរងការខូចខាត អាជ្ញាធរឃុំនិងស្រុក បានដាក់លូបិទផ្លូវ ហាមឃាត់មិនឱ្យរថយន្តតូចធំបើកឆ្លងកាត់ឡើយ ព្រមទាំងមានកម្លាំងសន្តិសុខនៅប្រចាំការចាំជួយអន្តរាគមន៍ពេលមានបញ្ហាកើតឡើងជាយ:ហេតុផងដែរ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋ ដែលបានទៅលេងកំសាន្តនៅលើផ្លូវបេតុងនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ប៉ុន្តែក៏បានសំណូមពរឲ្យអាជ្ញាធរ ត្រៀមបង្ការសម្រាប់ទូក និងសម្ភារៈសង្គ្រោះ ក្នុងករណីមានអ្នកលង់ទឹកផងដែរ។

ទន្ទឹមនឹងការសំណូមពររបស់ពលរដ្ឋយើងខ្ញុំជាអ្នកសារព័ត៌មានក៏សុំអោយប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅទីនោះត្រូវមានការប្រុងប្រយ័ត្នផងដែរចំពោះកូនតូចៗ សុំកុំអោយចុះលេងទឹកផ្តាសផ្តេសដើម្បីជៀសវាងនូវករណីណាមួយដែលកើតឡើងជាយ:ថាហេតុ ជាពិសេសថែទាំសុខភាពអនាម័យអោយបានល្អ៕








Post a Comment