ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ដើមឈើមានសារៈសំខាន់ណាស់ដើម្បីបន្សុទ្ធ ខ្យល់ និងការពារគ្រោះធម្មជាតិ
ព្រៃវែង៖ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មានប្រសាសន៍ថា ដើមឈើមានសារៈសំខាន់ណាស់ ជួយស្រូបយកឧស្ម័នពុល និងផ្ដល់ខ្យល់អាកាសបរិសុទ្ធ និងរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយកម្ដៅ។ ការពារប្រព័ន្ធអេកូឡូស៊ីលើកកម្ពស់សោភ័ណភាពតំបន់សាធារណៈ និងទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តម អភិសន្តិបណ្ឌិត មានប្រសាសន៍លើកឡើងនេះ គឺនៅក្នុងឱកាសដែល ឯកឧត្ដម អភិសន្តិបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីដាំដើមឈើ ដើម្បីអបអរសាទរ ”ពិធីបុណ្យរុក្ខទិវា” នៅទួលព័ន្ធតាលី បឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ 
ឯកឧត្ដម អភិសន្តិបណ្ឌិត មានប្រសាសន៍បន្តថា ដើមឈើផលិតអុកស៊ីសែន ដែលចាំបាច់សម្រាប់ការដកដង្ហើមរបស់មនុស្ស និងសត្វ ហើយស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់ ជួយកាត់បន្ថយការឡើងកម្តៅផែនដី និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជាជម្រកដ៏សំខាន់សម្រាប់សត្វគ្រប់ប្រភេទ។ ដើមឈើផ្តល់ម្លប់ និងធ្វើឲ្យបរិយាកាសត្រជាក់តាមរយៈដំណើរការហួតទឹក ដែលអាចជួយបន្ថយសីតុណ្ហភាពនៅតាមទីក្រុង និងជុំវិញផ្ទះ។ ដើមឈើជួយច្រោះយកធូលី និងសារធាតុពុលផ្សេងៗពីខ្យល់ ដូចជា ឧស្ម័ននីត្រាតអុកស៊ីត និងស្ពាន់ធ័រឌីអុកស៊ីត ជាដើម។ 
ឯកឧត្ដម អភិសន្តិបណ្ឌិត មានប្រសាសន៍ អំពាវនាវដល់អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តចូលរួមដាំ និងថែរក្សាកូនឈើដែលបានដាំ ឲ្យបានរស់រានមានជីវិត។ ជំរុញឲ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីតួនាទីរបស់ដើមឈើចំពោះជីវិតមនុស្ស និងសត្វ។ សង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមសហការគ្នារវាងស្ថាប័នពាក់ព័ន្ធ និងសហគមន៍ ដើម្បីធានាបាននូវភាពជោគជ័យនៃការងារអភិរក្ស។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានអោយដឹងថា ជារៀងរាល់ឆ្នាំខេត្តព្រៃវែង តែងតែបានធ្វើការដាំដុះដើមឈើជាក់ស្តែង នៅលើដី ទំនេរសាធារណៈ តាមវត្តអារ៉ាម សាលារៀន និងដាំក្នុងពិធីអបអរសាទរបុណ្យ រុក្ខទិវា ជារៀងរាល់ឆ្នាំ និង បានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទ សំរាប់ធ្វើការចែកចាយជូនប្រជាពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នផ្សេងៗ ទៀត និងដាំក្នុងពិធីសម្ភោធសមិទ្ធិផលនានាជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលព្រៃ ឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បណ្តុះកូនឈើចម្រុះបានចំនួន១៥.៩៤៥ដើម មានក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និងប្រភេទឈើហូបផ្លែ ជាដើម។ល។ទន្ទឹមនឹងនេះ បានចែកចាយកូនឈើនៅតាមបណ្តាវត្តអារ៉ាម សាលារៀន មន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងដាំក្នុង ពិធីសម្ពោធសមិទ្ធិផលនានារបស់ថ្នាក់ដឹកនាំ មានចំនួនសរុប ២២០៣ដើម ។ 
ក្នុងឱកាសអបអរសាទរ បុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំនេះ ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ ខ្ពង់ខ្ពស់ពីឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងមានកិច្ចសហការយ៉ាងជិត ស្និទ្ធពីលោកអភិបាលនៃគណៈអភិបាលស្រុកបាភ្នំ សហគមន៏ទួលព័ន្ធតាឡី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បានរៀបចំទីតាំងនៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិត នៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងដើម្បីប្រារព្ធពិធីដាំដើមឈើចំរុះប្រមាណជាង ២.០០០ ដើម និងមានកូនឈើចម្រុះប្រមាណ ១.៥០០ដើម សំរាប់ដាំជួសបន្ត និងប្រគេនព្រះសង្ឃ និងចែកជូនលោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារ៉ាម សាលារៀន និងតាមលំនៅដ្ឋាន ដើម្បីបន្សល់ទុកជា មរតកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះខណ្ឌរដ្ឋបាលព្រៃឈើ បន្តធ្វើការដាំដើមឈើ និងចែកចាយកូន ឈើតាមវត្តអារ៉ាម សាលារៀន តាមផ្លូវសាធារណៈ និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តផងដែរ ៕




Post a Comment