ឯកឧត្តម អភិសន្តិបណ្ឌិត លើកទឹកចិត្តដល់សិស្សដែលប្រឡងបាក់ឌុបទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែងសិក្សានៅថ្នាក់ឧត្តមសិក្សា ត្រៀមខ្លួនជាធនធានមនុស្សប្រកបដោយគុណភាព

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាសិស្សដែលប្រឡងជាប់និទ្ទេស A ទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែងសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីត្រៀមខ្លួនជាធនធានមនុស្សប្រកបដោយគុណភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើននាពេលអនាគត មានប្រសាសន៍បែបនេះនៅក្នុងឱកាស ដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែល ទទួលបាននិទ្ទេសA នៅខេត្តព្រៃវែង (សម័យប្រឡង២៨ សីហា ឆ្នាំ២០២៥) នៅសាលាខេត្តព្រៃវែង។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានតស៊ូរៀនសូត្ររហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា លទ្ធផលដ៏ល្អប្រសើរនៃនិទ្ទេស A នេះ គឺជាផ្លែផ្កានៃកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល និងការរួមចំណែកដ៏ធំធេងពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង។ 

ឯកឧត្ដម អភិសន្តិបណ្ឌិត មានប្រសាសន៍ជំរុញឲ្យសិស្សានុសិស្ស ជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យឲ្យបានត្រឹមត្រូវ និងស៊ីចង្វាក់ជាមួយនឹងតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍប្រទេស ។
និងត្រូវបន្តខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវឲ្យបានខ្លាំងថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដើម្បីចាប់យកចំណេះដឹង និងជំនាញពិតប្រាកដ។ 

គូសបញ្ជាក់ផងដែរថា សិស្សានុសិស្សជ័យលាភី ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ នៅទូទាំងខេត្តព្រៃវែង មានចំនួនសរុប ៧.៨៩៩នាក់ ស្មើនឹង ៨៦.៦១% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ១៥៤នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៦៧៦នាក់ សិស្សនិទ្ទេស C ចំនួន ១.៨៦៨នាក់ សិស្សនិទ្ទេស D ចំនួន ២.៩១២ នាក់ និងសិស្សនិទ្ទេស E មានចំនួន ២.៣៣៣នាក់។ 

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេស A ចំនួន ១៥៤នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ព្រមទាំងផ្ដល់ជូនថវិកាជូននាយកសាលា និងលោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់ទី១២ (គ្រូបំប៉ន) ទាំង ២៣១នាក់ផងដែរ៕







 

Powered by Blogger.