ពលរដ្ឋផលិតគ្រាប់ស្វាយចន្ទី នៃភូមិមួយ ផលិតផលមួយ ២កន្លែង បានចងក្រង នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់
នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរៀបចំចងក្រងបណ្ដុំអ្នកផលិត នៃផលិតផលភូមិមួយ ផលិតផលមួយ នៅឃុំស្វាយទាប ស្រុកចំការលើ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម សួន រ៉ាស៊ី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានជម្រុញចលនាភូមិមួយ ផលិតផលមួយ និង លោក ឡោ ចាន់លី អភិបាលរងខេត្ត តំណាង ឯកឧត្ដម ឯកឧត្ដមអភិបាលខេត្តកំពង់ចាម ។

ឯកឧត្ដម សួន រ៉ាស៊ី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានជម្រុញចលនាភូមិមួយ ផលិតផលមួយ បានគូសបញ្ជាក់ថា ការរៀបចំចងក្រងបណ្ដុំអ្នកផលិត នៃផលិតផលភូមិមួយ ផលិតផលមួយ មានគោលបំណងសំខាន់ ដើម្បីឲ្យមានការទទួលស្គាល់ជាផលិតផល ភូមិមួយ ផលិតផលមួយ កម្រិតថ្នាក់ខេត្ត ថ្នាក់ជាតិ ងាយស្រួលបណ្ដុះបណ្ដាលជំនាញបន្ថែម ដើម្បីពង្រឹងសមត្ថភាពគ្រួសារអ្នកផលិតឲ្យមាន គុណភាព អនាម័យ សោភ័ណភាព និងការវេចខ្ចប់ ហើយអាច ងាយស្រួលរកកម្ចីពីធនាគារ មានអត្រាការប្រាក់ទាប និងងាយស្រួលកិច្ចអន្តរាគមន៍ពីស្ថាប័នផ្សេងៗ ដើម្បីជម្រុញលើកកម្ពស់ផលិតផល ឲ្យកាន់តែមានសក្ដានុពល ។ 
ក្រៅពីនោះ ក៏បានផ្ដល់នូវអត្តប្រយោជន៍ដល់អ្នកផលិត តាមរយៈ ការគាំទ្រ និងទទួលស្គាល់ពីស្ថាប័រដ្ឋ និងស្ថាប័នផ្សេងៗ ការផ្ដល់បច្ចេកទេស ទីផ្សារ ផ្ដល់ចំណេះដឹងថ្មីៗ គុណភាព និងការវេចខ្ចប់ ផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ តាមតម្រូវការបណ្ដុំ និងការកសាងសមត្ថភាពសហគមន៍ លើការគ្រប់គ្រងអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុ ផងដែរ ។

នាឱកាសនោះដែរ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម ក៏បានណែនាំបន្ថែម ដល់អ្នកពាក់ព័ន្ធទាំងអស់ជាពិសេស ផលិតករ ក៏ដូចជាមូលដ្ឋានអាជីវកម្មនីមួយៗ សូមចូលរួមបង្កើតបណ្តុំអ្នកផលិត នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី ទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដូចអ្វីដែលក្រុមការងារបានបង្ហាញ ឆ្លើយតបទៅនឹងលក្ខខណ្ឌ ក៏ដូចជា គោលការណ៍ណែនាំ របស់គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ៕






Post a Comment