ឯកឧត្ដម សួន សុម៉ាលីន "បរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នាដើម្បីធានាដល់សុខភាពល្អ និងបរិស្ថានស្អាត"
ព្រៃវែង៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ។ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មន្ត្រីរាជការ និងសិស្សានុសិស្សក្នុងក្រុងព្រៃវែង សរុបប្រមាណ ២,៥០០នាក់ ដែលធ្វើនៅមុខសាលាខេត្តព្រៃវែង។ 
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍លើកឡើងថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាន នេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ខេត្តព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍។ ហើយការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន “។ 
ឯកឧត្តម អភិបាលខេត្ត បន្ថែមថា សំរាម និងសំណល់ប្លាស្ទិក គឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កាកសំណល់សំរាម និងថង់ប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុង ប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។ 
ឯកឧត្តម អភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។ 
ឯកឧត្ដម អភិបាលខេត្ត បញ្ជាក់ថា៖ យុទ្ធនាការសំអាតអនាម័យបរិស្ថាននេះគឺធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ជារៀងរាល់សប្តាហ៍ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈស្ថាប័នរបស់ខ្លួន គ្រប់តាមបណ្តាក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង ឲ្យមានស្រោបភណ្ឌភាពស្រស់ស្អាតអនាម័យល្អ ធ្វើយ៉ាងណាដើម្បីឲ្យខេត្តព្រៃវែងក្លាយជាខេត្តដែលមិនមានសំរាម ជាខេត្តមានសោភណ្ឌភាពអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិគ្រប់ៗគ្នា៕













Post a Comment