រថយន្តអគ្គិភ័យ ០៥គ្រឿង ចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីមានករណីភ្លើងឆាបឆេះបន្ទប់ស្នាក់នៅ ១កន្លែង ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម

 បន្ទាប់ពី មានករណីអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅ របស់បុគ្គលិក ១កន្លែង ស្ថិតនៅខាងក្រោយភោជនីយដ្ឋានវីអេក នៅចំណុចតាមផ្លូវជាតិលេខ៧ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម  បានបញ្ជាឲ្យសមត្ថកិច្ចចេញរថយន្តអគ្គិភ័យ ចំនួន ០៥គ្រឿង (រថយន្តខេត្ត ០៣គ្រឿង, ក្រុងកំពង់ចាម ០១គ្រឿង និងស្រុកកំពង់សៀម ០១គ្រឿង) ចុះអន្តរាគមន៍បន្ទាន់ ។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម  បញ្ជាក់ថា នាវេលាម៉ោង ១៩:២០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ វេនប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានថា មានករណីអគ្គិភ័យកំពុងឆាបឆេះបន្ទប់ស្នាក់នៅ របស់បុគ្គលិកក្រោយភោជនីយដ្ឋានវីអេក នៅចំណុចខាងលើ លោកក៏បានបញ្ជាឲ្យកម្លាំងពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បន្ទាន់ ។

 លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ដែរថា ក្នុងហេតុការណ៍នេះ ក្រុមពន្លត់អគ្គិភ័យ  បានព្យាយាមអន្តរាគមន៍ រយៈពេលប្រមាណ ១.៣០ម៉ោង និងប្រើប្រាស់ទឹកអស់ចំនួន ២១ស៊ឺទែន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ២១.៥០នាទី ។

មកដល់ពេលនេះ ជំនាញមិនទាន់ ធ្វើការវាយតម្លៃលម្អិត ទៅលើទំហំ នៃការខូចខាតទ្រព្យសម្បត្តិទាំងស្រុងនៅឡើយទេ ។ ទោះជាយ៉ាងណា ហេតុការណ៍នេះ មិនបានបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ៕ 





 

Powered by Blogger.