កិច្ចប្រជុំ ផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ នៅខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ លេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ និងប្រកាសលេខ ៤២២១ ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងសេចក្តីណែនាំលេខ ០៥០ សជណ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅខេត្តព្រៃវែង។ 
លោក លាត ភិរុណ អភិបាលរងខេត្ត បានលើកឡើងថា ការផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីធានាការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឲ្យបាន ត្រឹមត្រូវ ស្របតាមគោលការណ៍កំណត់ក្នុងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជា ពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។
ជាមួយនេះ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព នៃខ្លឹមសារអនុក្រឹត្យលេខ៤៧អនក្រ.បក ប្រកាសលេខ៤២២១ប្រក និងសេចក្តីណែនាំលេខ០៥០ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ លោក អភិបាលរងខេត្ត សូមលើកទឹកចិត្តដល់ សមាជិក សមាជិក អង្គពិធីទាំងមូល ឲ្យចូលរួមយ៉ាងសកម្ម ជាមួយនឹងស្មារតី យកចិត្ត ទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឱ្យបានកាន់ច្បាស់នូវវិធាន នីតិវិធី និងបច្ចេកទេសនានា ដើម្បីធានាដល់ការអនុវត្តសិទ្ធិ កាតព្វកិច្ច និងផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិ យុត្តជាធរមាន។ 
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍ថា អនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៥ មានចំនួន ៦ជំពូក និង១៤មាត្រា និងប្រកាសលេខ៤២២១ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២៥ មានចំនួន ១១ជំពូក និង៥២ប្រការ ដែលមានវិសាលភាពអនុវត្តចំពោះការចុះបញ្ជី អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ សម្រាប់បុគ្គលគ្រប់រូបមានសញ្ជាតិខ្មែរ ព្រមទាំងអនុវត្តចំពោះរាល់ការងារពាក់ ព័ន្ធនឹងការចុះបញ្ជី ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយ តា ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក៏ដូចជា បែបបទ និងនីតិវិធីនៃការប្តឹងមិនសុខចិត្ត។
ដោយឡែក ចំពោះសេចក្តីណែនាំលេខ០៥០ សណន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ដែលផ្តោតសំខាន់លើកការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ 
ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍បន្ថែមថា រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់ចំពោះការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សារណៈ ការកែលម្អសោភ័ណភាព អនាម័យ បរិស្ថាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ការជម្រុញក្នុង ការអនុវត្តសេវាសង្គមខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការដោះស្រាយវិវាទមូលដ្ឋាន និងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធជូនប្រជាពលរដ្ឋប្រកបដោយសក្តិសិទ្ធិភាព។
ក្នុងនោះកងកម្លាំងទាំងបី ពិសេសស្នងការដ្ឋានគរបាលខេត្ត ជាសេនាធិការ ក្នុងការរក្សានូវសន្តិសុខសណ្តាបធ្នាប់ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលធ្វើឲ្យបទល្មើសនានា មានការថយចុះ ហើយសកម្មភាពនៃការបង្ក្រាបមានការកើនឡើង ដែលសរបញ្ជាក់ឲ្យឃើញថាគណៈបញ្ជាការ ឯកភាពក្រុង ស្រុក និងអាជ្ញាធរឃុំ សង្កាត់បានយកចិត្តដាក់ខ្ពស់ក្នុងការអនុវត្តការងាររបស់ខ្លួន និងគោល នយោបាយបានល្អប្រសើរ៕







Post a Comment