របាំងស្បៃមុងជាង3,000ម៉ែត្រដែលជាឧបករណ៍នេសាទខុសច្បាប់ ត្រូវបានបង្ក្រាបនិងដុតបំផ្លាញចោលនៅស្រុកពាមជរ ខេត្តព្រៃវែង

ខេត្តព្រៃវែង:មន្ត្រីជលផលខេត្តព្រៃវែង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង នៅស្រុកពាមជរ ដុតបំផ្លាញចោលស្បៃមុងជាង 3,000 ម៉ែត្រ និងលែងកូនត្រីចូលបឹងធម្មជាតិជិត១០០kg

ដោយមានការចង្អុលបង្ហាញនិងការយកចិត្តទុកដាក់ពីសំណាក់លោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងលោកនាយខណ្ឌរដ្ឋបាលជលផល គិតត្រឹមរយៈពេល 2 ថ្ងៃចុងសប្តាហ៍នេះ មន្ត្រីជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងស្បៃមុង ដែលជនល្មើសបានលួចដាក់នៅតាមវាលបឹងធម្មជាតិ ក្នុងស្រុកពាមជរ បានចំនួន២ករណី ស្មើនឹង២ឃុំ ដោយបានរឹបអូស និងដុតកម្ទេចចោល នៅឧបករណ៍របាំងស្បៃមុងប្រមាណជាង 3 ពាន់ម៉ែត្រ។

លោក សឿ វិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងលោក សុខ ស៊ីណាត នាយសង្កាត់រដ្ឋបាលជលផលបានឱ្យដឹងថា នៅថ្ងៃទី 20 ខែសីហា ឆ្នាំ២០២៥នេះលោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយនឹងរដ្ឋបាលស្រុកពាមជរ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងកំប្លោក ក្នុងភូមិខ្សាច់ ឃុំកោះសំពៅ ដោយបានរុះរើនិងដុតបំផ្លាញចោល លូស្បៃមុងចំនួន 16 មាត់ របាំងស្បៃមុង 1400 ម៉ែត្រ បង្គោលចម្រឹងឬស្សី 560ដើម និងចាក់ព្រលែងកូនត្រីចំរុះ ចូលទៅក្នុងបឹងធម្មជាតិវិញបានចំនួនជាង 50 គីឡូ។

ដោយឡែកនៅព្រឹកថ្ងៃទី 22 ខែសីហា លោកបានបន្តដឹកនាំកម្លាំង ចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងស្បៃមុងនេះមួយករណីទៀតដោយបានសហការជាមួយកម្លាំងរដ្ឋបាលស្រុកនិងសហគមន៍ ដែលស្ថិតនៅចំណុចភូមិវាលរបងលើ ឃុំអង្គរអង្គ ស្រុកពាមជរ ដោយបានដុតបំផ្លាញចោលវត្ថុតាងលូស្បៃមុងចំនួន 18 មាត់ របាំងស្បៃមុង 1500 ម៉ែត្រ បង្គោលចម្រឹងឬស្សី 650 ដើម និងចាក់លែងកូនត្រីចម្រុះ ចូលដែនធម្មជាតិវិញបានជាង 20 គីឡូ។

លោក សឿ វិចិត្រ បានបញ្ជាក់ថា មិនមែនត្រឹមតែឧបករណ៍នេសាទប្រភេទរបាំងស្បៃមុងនេះទេដែលត្រូវបានហាមឃាត់ គឺគ្រប់ការនេសាទ និងគ្រប់ឧបករណ៍ទាំងឡាយណាដែលច្បាប់ហាមឃាត់ លើកលែងតែឧបករណ៍នេសាទទាំងឡើយណាដែលច្បាប់មិនហាមឃាត់ គឺប្រជាពលរដ្ឋអាចធ្វើការនេសាទបាននៅក្នុងរដូវបិទនេសាទ រយៈពេល 3 ខែនេះ ព្រោះអំឡុងពេលនេះត្រីកំពុងពងកូន ហើយរហូតដល់ថ្ងៃទី 1 ខែវិច្ឆិកា ទើបការបិទនេសាទនេះត្រូវបានបញ្ចប់ ចំពោះក្រុមឈ្មួញដែលមកចាំទិញកូនត្រីអោយត្រីឆ្តោស៊ីក៏តែងតែបង្ក្រាបផងដែរព្រោះជាទង្វើដែលច្បាប់ហាមឃាត់៕





 

Powered by Blogger.