រដ្ឋបាលស្រុកពារាំងបានរៀបចំពីធីដាំដើមឈើចំនួន៤០០ដើមនៅឃុំកំពង់ពពិល (ក្រោមប្រធានបទ មនុស្សម្នាក់ ដើមឈើ១ដើម)
ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលស្រុកពារាំងបានរៀបចំពិធីដាំដើមឈើចំនួន៤០០ដើមស្ថិតនៅចំណុចទួលព្រៃជ័ស ក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមស្រុកពារាំង លោក មៀច វណ្ណៈ និងលោក សេង ម៉េងឡុង អនុប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកពារាំង តំណាងឯកឧត្តម រាជ រ៉ា ដែលជាប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកពារាំង។
ក្នុងដែរនោះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះគ្រូ ចៅអធិការទាំង៥វត្តក្នុងឃុំកំពង់ពពិល ឯកឧត្តមក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ពពិល លោក លោកស្រី អភិបាលរងស្រុក នាយក នាយករង រដ្ឋាបាលសាលាស្រុក កងកម្លាំងទាំង៣ ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យជំនាញជុំវិញស្រុក,លោក ឈាង សាវី មេឃុំកំពង់ពពិល ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាល មេភូមិ អនុភូមិទាំង១១ ភូមិ ក្រុមប្រជាការពារភូមិ ប្រធាន អនុប្រធាន ប្រធានមណ្ឌលសុខភាព,នាយក នាយករង វិទ្យាល័យ ហ៊ុន សែន កំពង់ពពិល សាលាបឋមសិក្សា មតេយ្យសិក្សា កំពង់ពពិល យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល និងសាលាបឋមសិក្សា សរុបចំនួនប្រមាណ៣៥០អង្គ/នាក់ ស្រី១៣២នាក់។
ថ្លែងនៅក្នុងឱកាសនោះលោក ចេម ប្រា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជូនដល់សមាជិកសមាជិកានៃអង្គពិធីទាំងមូល និងបានមានប្រសាសន៍បន្ថែមទៀតថា ដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វ និងផែនដី ក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងផ្តល់ជម្រកសត្វ, ផ្តល់ឈើសម្រាប់ប្រើប្រាស់, ជួយរក្សាលំនឹងនៃ សីតុណ្ហភាព, ជួយបន្សុទ្ធបរិយាកាស, ជារបាំងខ្យល់ព្យុះ ជួយទប់ទឹកជំនន់ និងធ្វើឲ្យដីមានជីជាតិ, ជួយទាកទាញទឹកភ្លៀង ការពារសំណ៌កដីជាដើម។ល។ 
លោកអភិបាលស្រុកបានបន្តថា ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធាន ដ៏សំខាន់នេះឱ្យបានគង់វង្ស ដើម្បីជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាម បណ្តាភូមិ ឃុំនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម»។ 
លោក ចេម ប្រា អភិបាលស្រុកពារាំង ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួម ដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែក ក្នុងការបង្កើន នៅបរិស្ថាននៅតាមទីវត្តអារាម និងនៅតាមផ្ទះ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីយើងនេះផងដែរ។
លោក ឈាង សាវី មេឃុំកំពង់ពពិលបានលើកឡើងថា ក្នុងទឹកដីឃុំកំពង់ពពិលកន្លងមកធ្លាប់ដាំដើមឈើបាន៤៧០ដើមរួចមកហើយ តែសម្រាប់ថ្ងៃនេះដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមក្រុមការងារចុះជួយឃុំ ថ្នាក់ដឹកនាំខេត្ត និងលោកអភិបាលស្រុកក៏បានរៀបចំដាំដើមឈើចំនួន៤០០ដើមទៀត(ក្រោមប្រធានបទ មនុស្សម្នាក់ ដើមឈើ១ដើម) នៅចំណុចព្រៃជ័ស ដែលជាដីសាធារណៈមានទំហំ២៦ហិចតា ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពាំរាំង ខេត្តព្រៃវែង ដែលការដាំនេះមានដើមគគី និងដើមនាងនួន ដែលជាឈើប្រណិត ការដាំនេះគឺដើម្បីទុកជាប្រយោជន៍រួម និងដើម្បីតដល់ក្មេងជំនាន់ក្រោយអោយបានស្គាល់ផងដែរ ៕











Post a Comment