ភ្ញៀវទេសចរ ដែលមានបំណងចង់ទៅលេងកំសាន្ត នៅតំបន់កោះរ៉ុង អាចស្គាល់កាន់តែច្បាស់ពី កន្លែងកំសាន្ត ក្រោយទទួលបាន ស្លាកសញ្ញាទេសចរប្រាប់ពីទិសនៅកោះរ៉ុង ពីអ្នកឧកញ៉ា ទៀ វិចិត្រ…
ក្រុងកោះរ៉ុង-បន្ទាប់ពីបានអភិវឌ្ឍផ្លូវថ្មីមួយខ្សែ ប្រវែងជាង ៧គីឡូម៉ែត្រ តភ្ជាប់ពីឆ្នេរឋានសួគ៌ ទៅដល់វត្តព្រែកស្វាយ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Import Export Co., Ltd. បានជួយឧបត្ថម្ភដាក់ស្លាកសញ្ញាប្រាប់ទិសចំនួន ០៤ទីតាំង ដើម្បីបង្ហាញផ្លូវដល់ភ្ញៀវទេសចរ។
ដោយមានការគាំទ្រពី មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងរដ្ឋបាលក្រុងកោះរ៉ុង កាលពីថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់ក្រុមការងារចុះរៀបចំដាក់ស្លាកសញ្ញាប្រាប់ទិសទេសចរណ៍ចំនួន ០៤ទីតាំង ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ទីតាំងទាំង ៤កន្លែង រួមមាន ចាប់ពីកែងវត្តព្រែកស្វាយ តាមបណ្តោយផ្លូវសាងសង់ថ្មី រហូតដល់ឆ្នេរឋានសួគ៌។ គោលដៅទេសចរណ៍សំខាន់ៗ ក្នុងស្លាកសញ្ញាប្រាប់ទិសរួមមាន ទឹកធ្លាក់ព្រែកស្វាយ រីហ្សតម៉ាហ្វីយ៉ា វីឡាប្រណិតប៊ឺតណេស និងឆ្នេរឋានសួគ៌ដែលជាឆ្នេរមានខ្សាច់សស្អាតដ៏ទាក់ទាញមួយនៅលើកោះរ៉ុង។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានខែដើមឆ្នាំ២០២៥នេះ បន្ទាប់ពីបានសាងសង់ផ្លូវថ្មីមួយខ្សែរួចមក គេសង្កេតឃើញមានភ្ញៀទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅលើកោះរ៉ុង បានធ្វើដំណើរទៅលេងឆ្នេរឋានសួគ៌ មានចំនួនច្រើនគួរឱ្យកត់សំគាល់។ តាមរយៈផ្លូវថ្មីនេះផងដែរ គេក៏ឃើញ មានការតម្លើងបង្គោលភ្លើងតភ្ជាប់បណ្តាញអគ្គិសនីដែលជាកត្តាជម្រុញក្នុងការអភិវឌ្ឍជ្រុងមួយបន្ថែមទៀត នៅលើកោះរ៉ុង។
គួរដឹងផងដែរថា នៅតាមបណ្តោយឆ្នេរឋានសួគ៌មានរីសតចំនួនពីរកន្លែង ក្នុងនោះរីសតម៉ាហ្វីយ៉ារបស់អ្នកឧកញ៉ា ទៀ វិចិត្រ មានកន្លែងចុះចតឧទ្ធម្ភាគចក្រ ភ្ញៀវទេសចរអាចជិះកង់កម្សាន្តលើផ្លូវបេតុងតាមបណ្តោយឆ្នេរសមុទ្រ ហើយភ្ញៀវក៏អាចជិះទូកកាយ៉ាកតាមព្រែកទឹកសាប ភ្ញៀវអាចបណ្តែតទឹកមើលផ្កាថ្ម ជិះទូកស្ទូចត្រី និងដើរព្រៃធម្មជាតិ ជាដើម។
អ្នកខេត្តព្រះសីហនុស្គាល់ អ្នកឧកញ៉ា ទៀ វិចិត្រ ជាម្ចាស់ក្រុមហ៊ុនអូប័រល្បឿនលឿន G.T.V.C Speedboat ជាម្ចាស់រីសតម៉ាហ្វីយ៉ា រីសតវ៉នដឺឡេន វីឡាប្រណិតប៊ឺតណេស និងជាអ្នកជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងលម្ហសមុទ្រតាមរយៈអូប័រសង្រ្គោះរបស់គាត់ជាច្រើនគ្រឿង៕









Post a Comment