ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទំនើបកម្មព្រំដែន និងសន្តិសុខជាតិ
ខេត្តសៀមរាប ៖ ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2)
និងមុខងារឌីជីថល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៩ ខែមិថុនា
ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត
បានចាត់ទុកប្រព័ន្ធថ្មីនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត
កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ
និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០២៤។
ឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា បានគូសបញ្ជាក់ថា ប្រព័ន្ធ CBMS-2 នេះ
នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ
និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់
និងបង្ក្រាបបទល្មើសនានា។
ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ទី២
នេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល
ក្នុងការធ្វើទំនើបកម្មរដ្ឋបាល និងពង្រឹងសន្តិសុខជាតិ
តាមរយៈបរិវត្តកម្មឌីជីថល ស្របតាម «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»
នៃរាជរដ្ឋាភិបាលនីតិកាលទី៧។
បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះមួយ
ក្នុងចំណោមអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)
ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤
និងចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក្នុងគោលដៅសម្រេចបាននូវ
«ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។
ដើម្បីធានាឱ្យការប្រើប្រាស់ប្រព័ន្ធ
CBMS-2 ដំណើរការប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តបណ្តុះបណ្តាលផ្នែកភាសាបរទេស
និងបច្ចេកវិទ្យាឌីជីថល
ដើម្បីធានាការប្រើប្រាស់ប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់
និងត្រូវការពារសុវត្ថិភាពប្រព័ន្ធឱ្យបានម៉ត់ចត់ ដើម្បីបង្ការការជ្រៀតចូល
ឬការយកព័ត៌មានទៅប្រើប្រាស់ដោយខុសច្បាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស
សុខា ក៏បានណែនាំឱ្យបន្តតភ្ជាប់ប្រព័ន្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ
និងវិស័យឯកជន ដើម្បីបង្កើនល្បឿន
និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈដល់អ្នកដំណើរ
ផ្សារភ្ជាប់គ្នារវាងការពង្រឹងសន្តិសុខ
និងការផ្តល់សេវាប្រកបដោយភាពរួសរាយរាក់ទាក់ វិជ្ជាជីវៈ
និងការទទួលខុសត្រូវខ្ពស់។
ការបន្តស្រាវជ្រាវ
និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ
ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា
ក៏ដូចជាបញ្ហាប្រឈមថ្មីៗក្នុងតំបន់ និងពិភពលោក
និងការសហការជិតស្និទ្ធជាមួយអង្គការអន្តរជាតិ ប្រទេសជាមិត្ត
និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ បច្ចេកវិទ្យា និងព័ត៌មាន
សំដៅរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងធានាសន្តិសុខ
សុវត្ថិភាពព្រំដែនជាតិ ក៏ជាចំណុចដែលប្រមុខក្រសួងមហាផ្ទៃ
ណែនាំឱ្យយកចិត្តទុកដាក់ផងដែរ៕















Post a Comment