ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានបំពេញតួនាទី ភារកិច្ចបម្រើសេវាសាធារណៈ និងការខិតខំដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

កំពង់ស្ពឺ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ  បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចបម្រើសេវាសាធារណៈ និងការខិតខំដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្រោយបានស្ដាប់របាយការណ៍សន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ និងប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបានសមិទ្ធផលនានាជាច្រើនដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។  



ទន្ទឹមនេះផងដែរ ក្រៅពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលកំពុងកើតមានឡើងចំពោះមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដោយសង្ខេបនូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាង ២ឆ្នាំកន្លះកន្លងមកនេះ ជូនដល់អង្គសន្និបាតផងដែរ រួមមាន៖ (១)ការរក្សាបានស្ថិរភាពនយោបាយ ខឿនឯករាជ្យ និងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងការពារបានយ៉ាងគត់ម៉ត់នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គមទាំងមូល, (២)ដឹកនាំដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋឱ្យប្រព្រឹត្តទៅដោយរលូនលើមាគ៌ា ដ៏ត្រឹមត្រូវ ស្របតាមបរិបទសង្គមកម្ពុជា, (៣)បាន និងកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយផ្លែផ្កានូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយអាទិភាព និងវិធានការគន្លឹះនានាតាមវិស័យ, (៤)បានបង្កើនកម្រិតប្រាក់បៀវត្សជូនកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងលើកកម្ពស់ប្រសិទ្ធភាពការងារ, (៥)បានជំរុញកំណើនវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេសដែលបានជួយបង្កើតការងារជាច្រើនកន្លែងជូនបងប្អូនប្រជាពលរដ្ឋខ្មែរ, (៦)ការកែទម្រង់ និងអភិបាលកិច្ចដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ត្រូវបានយកចិត្តទុកដាក់ជំរុញអនុវត្ត ស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”, (៧)ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន បានប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យដែលបានលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ, (៨)ការសាងសង់ដោយជោគជ័យ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវ ព្រលានយន្តហោះ អន្តរជាតិតេជោ ដែលជាសមិទ្ធផលដ៏ធំធេងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ក្រៅពីសមិទ្ធផលធំៗខាងលើនេះ ក៏នៅមានសមិទ្ធផលនានាជាច្រើនទៀតដែលរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងសម្រេចក្នុងរយៈពេលដ៏ខ្លីនេះ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អង្គសន្និបាតទាំងមូល ត្រូវពង្រឹងវិធានការ និងយន្តការការងារនៅក្នុងការគ្រប់គ្រង និងលើកកម្ពស់ការងារ វិនិយោគ ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម មុខរបរ ការងារ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនប្រកបដោយភាពជាម្ចាស់ មានភាពធន់ និងមានចីរភាព។ ឯកឧត្តមសង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ នឹងយកអស់ប្រាជ្ញា ស្មារតី អនុវត្តឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២៦នេះ ដើម្បីការអភិវឌ្ឍរីកចម្រើននៅក្នុងខេត្តកំពង់ស្ពឺជាបន្តទៀត។ដោយ៖ចិត្ត្រា








 

 

Powered by Blogger.