លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដីកន្លងទៅនៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងខេត្តព្រៃវែង

 

ព្រៃវែង៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដីកន្លងទៅនៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ នៅស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ 

លោកជំទាវបណ្ឌិតក៏បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និងបេសកកម្មក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំគុណូបការគ្មានថ្ងៃបំភ្លេចបានសម្រាប់ជាតិយើង។ សូមឱ្យវិញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។ 

ព្រមជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចារឹកទុកជាការចងចាំជារៀងរហូតសម្រាប់ជាតិ និងជាការដឹងគុណដល់វីរភាពមិនអាចកាត់ថ្លៃបានចំពោះការពលីលើសមរភូមិមុខក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងដែនអធិបតេយ្យភាពកម្ពុជា។ លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង ក្រោយពីបាត់បង់បង្គោលគ្រួសារផងដែរ៕

 








Powered by Blogger.