ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថ្លែងបើកយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ "Say No To Fake News"
ព្រះសីហនុ៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ពិធីបើកយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ "Say No To Fake News" នៅវេទិកា៧មករា សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ក្មួយៗយុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ យុវជនស.ស.យ.ក សិស្សានុសិស្ស។
ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថ្លែងបើកយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ "Say No To Fake News" ថា ក្រសួងព័ត៌មានបានបើកយុទ្ធនាការព័ត៌មានក្លែងក្លាយចាប់ពីខែមេសា រហូតដល់ថ្ងៃនេះ ចាប់ពីថ្នាក់ជាតិរហូតថ្នាក់ក្រោមជាតិ។ ការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាបង្កើនការយល់ដឹងពីព័ត៌មានក្លែងក្លាយ និងរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងកាត់បន្ថយនូវព័ត៌មានក្លែងក្លាយ ជាពិសេសនៅលើបណ្តាញសង្គម Facebook Telegram TikTok YouTube ជាដើម។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ក្នុងគោលបំណងកាត់បន្ថយជាអតិបរិមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ទាំងស្រុង សំដៅធានាសន្តិសុខព័ត៌មាន ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាព សុវត្ថិភាពជូនមន្ត្រីរាជការ និងសាធារណជន។
លោកបានសង្កត់ថា បញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មានដែលមានចរិកបំភាន់ បំពុលសង្គម និងងាយបោកប្រាស់ប្រជាពលរដ្ឋ។
ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនយុវជន គឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយបំផុត។
រាជរដ្ឋាភិបាល ដែលមានក្រសួងព័ត៌មានជាសេនាធិការ បានដាក់ចេញនូវយន្តការ និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដោយប្រើប្រាស់យុទ្ធសាស្ត្រ “៣ ប” គឺ “បញ្ជ្រាប បន្សាប និងបង្ក្រាប ”
ព័ត៌មានក្លែងក្លាយមានបីប្រភេទក្នុងនោះ៖
១.ព័ត៌មានក្លែងបន្លំ ជាប្រភេទព័ត៌មានមិនពិតដែលបង្កើតឡើងយកទៅផ្សព្វផ្សាយ ឬចែក ចាយដោយចេតនា បំភាន់ ឬបោកប្រាស់សាធារណៈជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ ។
២.ព័ត៌មានបំភ្លៃ ជាប្រភេទព័ត៌មានមិនពិត ដែលត្រូវបានគេកែច្នៃពីព័ត៌មានពិតយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។
៣.ព័ត៌មានភាន់ច្រឡំ ជាប្រភេទព័ត៌មានមិនពិត ដែលគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ប្រភពនៃព័ត៌មានដែលទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តព្រះសីហនុ បានផ្តល់ចំណុចគួរបានពិចារណាមួយចំនួន៖
-ដើម្បីជឿថាព័ត៌មានពិត ឬមិនពិត ត្រូវពិនិត្យមើលប្រភពព័ត៌មាន កាលបរិច្ឆេទ អត្តសញ្ញាណស្ថាប័នឬគណនីដែលផ្សព្វផ្សាយព័ត៌មាន
-យើងត្រូវជម្រុញការផ្សព្វផ្សាយការពិតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងឬក៏កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយរីកសាយភាយ
-ចំពោះបងប្អូនអ្នកសារព័ត៌មាន ត្រូវតែប្រកាន់នូវគោលការណ៍ តុល្យភាពព័ត៌មាន ដែលជាក្រមសីលធម៌វិជ្ជាជីវៈមួយរបស់អ្នកសារព័ត៌មាន ៕
Post a Comment