គ្រួសារ យុវសិស្សរងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ២នាក់ នៅ ភូមិឃុំជាមួយគ្នា ក្នុងស្រុកជើងព្រៃ ទទួលបានការចូលរួមរំលែកមរណទុក្ខពីរដ្ឋបាលខេត្ត និង សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ចាម ។
សាខាកក្រក ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា មន្ត្រីអនុសាខាស្រុក និង ក្រុមការងារ បាននាំយកសម្ភារ និងបច្ច័យរបស់ ឯកឧត្តម អ៊ុន ចាន់ដា រួមទាំង សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចូលរួមបុណ្យសពយុវតី ២នាក់ ជាសិស្សថ្នាក់ទី១២ រៀននៅ វិទ្យាល័យ ហ៊ុនសែន ផ្តៅជុំ ជាមួយគ្នា ក្នុងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ៖
១ -យុវតីឈ្មោះ ហូន សៀងហៃអាយុ ១៨ ឆ្នាំ
និង ២- យុវតីឈ្មោះ ធី លីអឺ អាយុ ១៩ ឆ្នាំ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត ឡិចស៊ីស បុកពីក្រោយពេញទំហឹងបណ្តាលអោយបាត់បង់ជីវិតនៅកន្លែងភ្លាមៗ កាលពីម៉ោង ៧ព្រលប់ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ ខណ:ក្មួយស្រីទាំង ២ ឌុបគ្នាចេញពីរៀនបន្ថែមម៉ោង នៅសាលា។

ក្នុងឱកាសនោះ ឯកឧត្តម ស្រី សុភ័ក្ត្រ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ កូនស្រី ក្មួយ ចៅ ជាទីស្រឡាញ់របស់ខ្លួន ។ ឯកឧត្តមលេខាធិការសាខា បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ចូលរួមរំលែកមរណៈទុក្ខ យ៉ាងក្រៀមក្រំបំផុត ពី សំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែគិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើង ហើយតែងបានចាត់តំណាងរបស់លោក អោយចុះអន្តរាគមន៍ នាំយកជំនួយសង្រ្គោះបន្ទាន់ជូនដល់គ្រួសាររងគ្រោះ បានទាន់ពេលវេលា តាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។

ឯកឧត្តម ស្រី សុភ័ក្ត្រ ក៏បានក្រើនរំលឹក ដល់ឪពុកម្តាយ អាណាព្យាបាល ទាំងអស់ ត្រូវអប់រំណែនាំកូន ចៅ អោយប្រយ័ត្នប្រយែង ក្នុងពេលធ្វើដំណើរ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរត្រូវពាក់មួកសុវត្ថិភាព កុំបើកវ៉ាជែង ឬ បើកបរលើសល្បឿនកំណត់ ព្រោះវាអាច បង្កគ្រោះថ្នាក់ បណ្តាលអោយ របួស ពិការ ឬ បាត់បង់ជីវិត ផងដែរ។ ជាមួយនេះ ក៏សូមអោយបងប្អូន លើកកំពស់ការថែរក្សាអនាម័យលំនៅដ្ឋាន ពិសេស ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក " ស្រឡាញ់ខ្លួន អោយស្ងួនចំណី " និង ចូលរួមពង្រឹងសហគមន៍ អោយមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នេះ ។

សម្ភារ ដែលបានចូលរួមបុណ្យ សព យុវសិស្សទាំង ២ នាក់ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ , មី ២កេស ,ត្រីខ ២០កំប៉ុង , ទឹកក្រូច ២កេស, ទឹកពិសាប្រណិត V-Active ២កេស និង ថវិកាចំនួន ៤០០ ០០០រៀល ៕
ដោយឡែក ៖
- ឯកឧត្តម អ៊ុន ចាន់ដា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលបុណ្យ ក្នុង ១គ្រួសារសព ចំនួន ១,០០០,០០០រៀល ។
- ក្រុមការងារចុះជួយឃុំ បាន ចូលបុណ្យ សរុប ១,៥០០,០០០រៀល ក្នុងនេះ ចូលបុណ្យ គ្រួសារយុវតី ធី លីអឺ ដែលមានជីវភាពលំបាកជាងគេ ចំនួន ១,០០០,០០០រៀល ។




Post a Comment