ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញជាអធិបតីភាពអបអរសាទរខួបអនុស្សាវរីយ៍ ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស និងលើកឡើងពីសមិទ្ធផលជាច្រើនរបស់គណបក្សជូនសមាជិកនៅមូលដ្ឋានឃុំរកា

(ព្រៃវែង)៖ ឯកឧត្តម យូ សិរីវុឌ្ឍ ជា បេសកជនពិសេសរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងនិងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំរកា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមក្រុមការងារអនុប្រធានក្រុមការងារ រដ្ឋបាលស្រុកពារាំង មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិទាំង៩ភូមិ  ព្រមទាំង សមាជិក សមាជិកាប្រមាណ ៦០០ នាក់នៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង ខេត្តព្រៃវែង។

នាឱកាសនោះដែរ ឯកឧត្តម យូ សិរីវុឌ្ឍ បានលើកឡើងពីសមិទ្ធផលជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា សម្រេចជូនជាតិកម្ពុជា។ ឯកឧត្តម បានបន្ថែមថាគណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។ ក្នុងរយៈពេលប្រមាណ ៤៦ឆ្នាំ ក្រោយវាយផ្តួលរំលំរបប ប៉ុល ពត ហើយនោះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស, គណបក្ស ប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិ។

ឯកឧត្តមបានថ្លែងថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាក្នុងតួនាទីស្នូលការពារសន្តិភាព អភិវឌ្ឍជាតិ ការពារប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដីបានឡើយ។ 

បន្ថែមពីនេះ ឯកឧត្តម យូ សិរីវុឌ្ឍ បានបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយនៅក្នុងដំណាក់កាលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនេះ គណបក្សប្រជាជនកម្ពុជា មិនបានបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួននោះទេ។ ពោលគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលនៅជាមួយប្រជាជន បង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។ 

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
គណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន គឺប្រមូលផ្ដុំកម្លាំងប្រជាជាតិខ្មែរទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូងរដ្ឋធមនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិឲ្យបានសម្បូររុងរឿង និងស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ប្រជាជនមានជីវភាពសមរម្យ ថ្លៃថ្នូរ ដែលចាកផុតពីភាពក្រីក្រ គ្រោះអវិជ្ជាជំងឺតម្កាត់នានា និងអំពើហិង្សា ហើយរួមរស់នៅជាមួយគ្នា ដោយសុខុដុមរមនាទាំងក្នុងគ្រួសារទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិ៕
















 

Powered by Blogger.