រដ្ឋបាលឃុំរកាបានដឹកនាំក្រុមការងារសម្អាតបរិស្ថានតាមដងផ្លូវសាធារណ:ក្រោមប្រធានបទ<យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាមិនបោះសម្រាមចោលផ្តេសផ្តាស>
ខេត្តព្រៃវែង:នៅព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ នេះលោក នេត នឿន មេឃុំរកា បានដឹកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិទាំង៩ក្នុងឃុំរកា នាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា សម្តេចតេជោហ៊ុនសែន ស្នាយពល់ ចូលរួមសម្អាតទីធ្លាសាធារណ:ដើម្បីចូលរួមថែរក្សាការពារបរិស្ថានធ្វើយ៉ាងណាអោយបានស្អាតក្នុងមូលដ្ឋាន។
នាឱកាសនោះដែរលោក នេត នឿន មេឃុំរកា បានលើកឡើងថាកន្លងមកដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោក ចេម ប្រា អភិបាលស្រុកពារាំង ដែលលោកតែងតែពន្យល់ណែនាំដល់បណ្តារភូមិឃុំទាំងអស់ទូទាំងស្រុកត្រូវធ្វើយ៉ាងណា ជួយធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់អោយមានការយល់ដឹងខ្ពស់អំពីបរិស្ថាន មិនតែប៉ុណ្ណោះ លោកអភិបាលស្រុកក៏បានចាត់ចែងនូវទីតាំងទុកដាក់សំរាមជាច្រើនកន្លែងផងដែរក្នុងឃុំរកា ដើម្បីបង្ករលក្ខណៈងាយស្រួលដល់រថយន្តដឹកសម្រាមមកយកទៅចោល រីឯរដ្ឋបាលឃុំរកាតែងតែធ្វើកម្មវិធីនេះជាញឹកញាប់ផងដែរ និងបានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយមានការចូលរួមសម្អាតបរិស្ថាន ដើម្បីអោយការរស់នៅរបស់យើងទាំងអស់គ្នាប្រកបដោយអនាម័យខ្ពស់។
លោកមេឃុំក៏បានបន្ថែមទៀតថាការសម្អាតបរិស្ថាននេះដែររៀបចំឡើងក្នុងគោលបំណង ចូលរួមចំណែកកសាងសង្គមកម្ពុជាឲ្យមានបរិស្ថានល្អស្អាត សោភ័ណ្ឌភាពស្រស់បំព្រង ការរស់នៅប្រកបដោយចីរភាព កាត់បន្ថយសំណល់ផ្លាស្ទិក និងការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាពសាធារណៈ និងការផ្លាស់ប្តូរឥរិយាបថលើការបោះចោលសំរាមតាមទីធ្លាសាធារណៈ។
បន្ថែមពីនេះ លោក នេត នឿន មេឃុំរកាបានលើកឡើងថាចំពោះបញ្ហាទឹកដក់តាមដងផ្លូវអាជ្ញាធរឃុំបានស្នើសុំទៅខាងរដ្ឋបាលស្រុករួចហើយដើម្បីយកគ្រឿងចក្រមកឈូសអោយស្មើស្អាតឡើងវិញ ហើយក៏សូមផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាក់ដីបិតមុខទឹកដែលជាហេតុបង្ករអោយមានទឹកដក់តាមដងផ្លូវ និងសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ជាចុងក្រោយលោកមេឃុំរកា ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលសម្អាតបរិស្ថានអោយបានល្អ ជាពិសេសសូមកុំបោះចោលសម្រាមផ្តេសផ្តាស់ ត្រូវយកសម្រាមមកដាក់នៅទីតាំងដែលអាជ្ញាធរបានកំណត់ ចំពោះបងប្អូនប្រជាពលរដ្ឋណាដែលយកសម្រាមចោលផ្តេសផ្តាស់អាជ្ញាធរមានសមត្ថកិច្ចនិងចាត់វិធានការផាកពិន័យទៅតាមច្បាប់កំណត់៕






Post a Comment