រដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយរបៀបប្រើប្រាស់កម្មវិធី (App Nea Search) សម្រាប់រកការងារ កម្លាំងពលកម្ម និងព័ត៌មានទីផ្សារការងារ។

ខេត្តកំពង់ចាម:នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ របៀបប្រើប្រាស់កម្មវិធី (App Nea Search) សម្រាប់រកការងារ កម្លាំងពលកម្ម និងព័ត៌មានទីផ្សារការងារ ក្រោមអធិបតីភាព លោក ផេន សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពងចាម។ ពិធីនេះក៏មានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាព លោក លោកស្រី អភិបាលរងក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ តំណាងក្រុមហ៊ុន Thaco Agri ខេត្តក្រចេះ តំបន់សេដ្ឋកិច្ចពិសេសមេតធេក ខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលរៀបចំឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។

លោក ផេន សុផល អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះ ចំនួនប្រាំ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដើម្បីឱ្យសម្រេចបាននូវគោលនយោបាយខាងលើរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ អភិវឌ្ឍមូលធនមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល និងទទួលបានការងារនៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាសនានា។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា ក្នុងរយៈពេលកន្លងមកនេះ ឃើញថាប្រទេសកម្ពុជាមានអ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុនបើករោងចក្រ សហគ្រាស គ្រឹះស្ថានជាច្រើនកន្លែង ដែលអាចឱ្យប្រជាពលរដ្ឋ ទទួលបានការងារធ្វើជាច្រើនផងដែរ។ ទន្ទឹមនេះរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏ត្រូវការកម្លាំងពលកម្មបន្ថែមទៀតដើម្បីបំពេញតម្រូវការទីផ្សារការងារ ជាក់ស្តែងគិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវការកម្លាំងពលកម្ម ជាង២៥ម៉ឺនកន្លែង ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាមបានត្រៀមវគ្គបណ្តុះបណ្តាល និងជ្រើសរើសកម្លាំងពលកម្ម ១៣,២០៦កន្លែង ដោយឡែកក្រុមហ៊ុន THACO AGRI នៅស្រុកស្នួល ខេត្តក្រចេះ ត្រូវការកម្លាំងពលកម្ម ចំនួន៧០០០កន្លែង និងតំបន់សេដ្ឋកិច្ចពិសេស មេតធេក ខេត្តស្វាយរៀង ត្រូវការកម្លាំងពលកម្ម ៣០០០កន្លែង បានស្នើសុំកម្លាំងពលកម្មពីខេត្តកំពង់ចាមផងដែរ។

យកឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានស្នើដល់ ស្ថាប័នពាក់ព័ន្ធ សូមបង្កើតក្រុមការងារចុះផ្សព្វផ្សាយ ពីការជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ដោយចងក្រងនូវស្ថិតិគ្រប់ភូមិអំពី ចំនួនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារធ្វើ ដើម្បីបង្កើតជាមូលដ្ឋានទិន្ន័យមួយច្បាស់លាស់ងាយស្រួលក្នុងការផ្គូផ្គងការងារ ទៅនឹងតម្រូវការជ្រើសរើសកម្លាំងពលកម្មរបស់និយោជក។

បើតាមរបាយការណ៍លោក ចេង ហ៊ាង ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវះខេត្ត បានឲ្យដឹងថា តាមបណ្ដារោងចក្រសហគ្រាសក្នុងខេត្ត មានកន្លែងទំនេរសរុប ១៣,២០៦កន្លែង ដែលទទួលបានប្រាក់ឈ្នួលចាប់ពី ២២៥ដុល្លារ ដល់ ១,០០០ដុល្លារក្នុងមួយខែ ដែលមានដូចជាមផ្នែកឧស្សាហកម្ម ៥,៥៧០កន្លែង, កសិកម្ម ៧,៦០២កន្លែង  និងសេវាកម្ម៣៤កន្លែង ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេស មេតផេក ស្វាយរៀង ៣,០០០កន្លែង និងក្រុមហ៊ុន thaco agri នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន៧,០០០កន្លែង បានស្នើមកក្រុមការងារថ្នាក់ខេត្ត ឲ្យជួយរកកម្មករផងដែរ៕

 

 

 

 




















 

Powered by Blogger.