អភិបាលខេត្តកំពង់ចាម ប្រើយុទ្ធសាស្រ្តឈ្នះឈ្នះ ដោះស្រាយបញ្ហាដីដ្លីជូនពលរដ្ឋ ទទួលយកដោយក្តីអំណរ

បន្ទាប់ពីទទួលបានសំណើររបស់ពលរដ្ឋ ១គ្រួសារ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម គឺលោក ឡាយ យូគង់ និងអ្នកស្រី សុខ លក្ខិណា (ប្ដីប្រពន្ធ ) ដែលបានដាក់សំណេីមករដ្ឋបាលខេត្តកំពង់ចាម នាពេលថ្មីៗនេះ ថាបានបាត់ទំហំដីដែលគាត់បានទិញ និងអាស្រ័យផលកន្លងមក។
នារសៀលថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៥នេះឆ្លៀពេលវេលាដ៏មមាញឹក ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានដឹក​នាំ​មន្ត្រីជំនាញជួបពិភាក្សា​ និងធ្វើការដោះស្រាយជូនតាមសំណើរខាងលើ រហូតទទួលបានជោគជ័យដោយឈរលើមាគ៌ាឈ្នះឈ្នះ។


បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត បានពិនិត្យ​ និងពិភាក្សាយ៉ាងលំអិតជាមួយមន្ទីរជំនាញ​ តាមរយៈបណ្ណកម្មសិទ្ធិ ដែលទទួលស្គាល់កាលពីឆ្នាំ ១៩៩៨​ បញ្ជាក់ថា៖ ទំហំដីដើមកាលពីមុន​ និងទំហំដីបច្ចុប្បន្នដែលត្រូវចុះបញ្ជីដីធ្លីបំពេញបន្ថែមនេះ​ គឺមានការប្រែប្រួលពីទំរង់ដេីមបន្តិចបន្តួចប៉ុណ្ណោះ​ ទំហំដីគឺមិនបាត់បង់ទេ។ ឯកឧត្តមអភិបាលខេត្ត​ ក៏បានបញ្ជាក់ជូនលោក ឡាយ យូគង់ និងអ្នកស្រី សុខ លក្ខិណា ដែលជាម្ចាស់កម្មសិទ្ធិដីដែលបាន​ស្នេីសុំខាងលេី​ សម្រេចទទួលស្គាល់ទំហំ​ដែល​ បានបញ្ជាក់ជូនតាមការពិភាក្សា គឺមិនអាចមានទំហំលើសនេះបានទេ។

 


ក្រោយពីការពន្យល់ និងការសម្រេចរបស់ឯកឧត្តមអភិបាលខេត្ត ម្ចាស់សំណេីពីរនាក់ប្តីប្រពន្ធ បានយល់ និងព្រមទទួលស្គាល់ទំហំដីរបស់ខ្លួន។ 

 

ជាមួយគ្នានោះ អ្នកទាំងពីរនាក់ប្តីប្រពន្ធក៏បានយល់ព្រមរុះរើសំណង់រោងដែកដែលបានសាងសង់រួចនៅលើផ្លូវសាធារណ:ដោយស្ម័គ្រចិត្តផងដែរ ហើយឆាប់ៗនេះមន្រ្តីជំនាញនឹងចុះបញ្ជីដីធ្លីបំពេញបន្ថែមជូនអ្នកទាំងពីរ ដោយបានរក្សាផ្លូវធ្លាទំហំទទឹង ៨ម៉ែត្រ វិញ ដើម្បីជាប្រយោជន៍សាធារណៈ៕

 










Powered by Blogger.